ការប្រកួតកីឡាអុកចត្រង្គ កីឡាជាតិលើកទី៣
ក្នុងពិធីបើកការប្រកួតអុកចត្រង្គ នាព្រឹកថ្ងៃអាទិត្យទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គុជ គឹមឡុង ប្រធានសហព័ន្ធអុកចត្រង្គកម្ពុជា លោកបានលើកឡើងពីគោលបំណងនៃការប្រកួតកីឡាអុកចត្រង្គ កីឡាជាតិលើកទី៣ ដែលជាព្រឹត្តិការណ៍ដ៍ធំបំផុតក្នុងប្រទេស ដើម្បីបំផុសវិស័យអុកចត្រង្គអោយកាន់តែរីកចំរើន និងពង្រឹងសមត្ថភាពកីឡាករយើង ត្រៀមកីឡាស៊ីហ្គេមលើកទី២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
លោកបានបញ្ជាក់ផងដែរថាៈ ស៊ីហ្គេមនៅសល់រយៈពេលត្រឹម ៦ខែទៀតប៉ុណ្ណោះ ដូចច្នេះក្នុងឱកាសនៃការប្រកួតនេះ ក្រៅពីការប្រឹងប្រែងដើម្បីដណ្តើមមេដាយជូនស្ថាប័ន រាជធានី និងខេត្ត រៀងៗខ្លួន ក៍ជាពេលសម្រាប់ សម្រួចសមត្ថភាព និងត្រៀមខ្លួនឲ្យបានល្អបំផុត លើវិញ្ញាសាដែលត្រូវប្រកួតក្នុងកីឡាស៊ីហ្គេមនាពេលខាងមុខ។ ថ្នាក់ដឹកនាំសហព័ន្ធ ពិតជាមានមោទនភាពជាខ្លាំង ចំពោះបងប្អូនជាកីឡាករ និងមន្ត្រីសហព័ន្ធ ដែលបានលះបង់ពេលវេលា និងធនធាន ចូលរួមអភិរក្ស និងអភិវឌ្ឍ កីឡាអុកចត្រង្គដែលជាកេរ្ត៍តំណែលដូនតាយើង។ យើងសង្ឃឹមថាឆ្នាំ២០២៣ ខាងមុខបងប្អូនជាកីឡាករទាំងអស់នឹងអាចដណ្តើមកិត្តិយសជូនជាតិ ពិសេសបង្ហាញឲ្យសហគមន៍អន្តរជាតិ បានដឹងកាន់តែច្រើនពីកីឡាអុកចត្រង្គរបស់ខ្មែរយើង។
លោក ហូយ សូណា គ្រូបង្គោលសហព័ន្ធ |
សរុបកីឡាករចូលរួមមានចំនួន ៤២នាក់ មកពីស្ថាប័ន រាជធានី ខេត្ត ចំនួន ៧ រួមមានៈ ១.ក្រសួងមហាផ្ទៃ ២.រាជធានីភ្នំពេញ ៣.កំពត ៤.កំពង់សោម ៥.កំពង់ចាម ៦.បាត់ដំបង និង ៧.មណ្ឌលគីរី នឹងចូលរួមប្រកួតប្រជែងរយះពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ ២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅស្នាក់ការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា។ គួរបញ្ជាក់ផងដែរថានេះជាលើកទីដំបូង ដែលសហព័ន្ធបានដាក់ប្រភេទកីឡាអុកចត្រង្គ ក្នុងព្រឹត្តការណ៍កីឡាធំបំផុតរបស់ជាតិ។ សូមអញ្ជើញមកចូលរួមទស្សនាការប្រកួតផ្ទាល់ចាប់ពីវេលាម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច តាមកាលបរិច្ឆេទ និងទីតាំងដូចបានជំរាបជូនខាងលើ។
Leave a Comment